គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ»

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុង លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ» បន្ទាប់ពីបានធ្វើការពិក្សាគ្នាយ៉ាងលំអិត នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ត្រូវបានធ្វើឡើង នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមាន៖របៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ».

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ការរៀបចំព្រះរាជក្រឹត្យ ដើម្បីបង្កើត “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ គឺដើម្បីឆ្លើយតបទៅនឹងការងារអាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការគន្លឹះជាអាទិភាពទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នាពេលកន្លងមក។

លោកកើត រិទ្ធ សង្កត់ធ្ងន់ថា ៖ «សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មិនត្រឹមតែចែងអំពីការបង្កើតនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើតឱ្យមាននូវក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីធានាឱ្យបាន ទាំងលើប្រសិទ្ធភាព ទាំងលើនិរន្តភាព នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»។

លោកបន្ថែមថា ក្នុងស្មារតីដើម្បីធានាប្រសិទ្ធភាពនៃយន្តការនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលបានធ្វើឡើងត្រឹមត្រូវស្របតាមព្រះរាជក្រឹត្យនេះ នឹងទទួលបានការទទួលស្គាល់នូវតម្លៃគតិយុត្តជាភស្តុតាងរឹងមាំផង និងមានអានុភាពអនុវត្តដូចសាលក្រម ឬ សាលដីកាស្ថាពររបស់តុលាការផង។

បើតាម លោក កើត រិទ្ធ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងជាពិសេស គឺជួយបញ្ចប់វិវាទបានឆាប់រហ័ស ដោយគូភាគីនៃវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ និង គ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ។

លោករដ្ឋមន្ត្រីយុត្តិធម៌វ័យក្មេងរូបនេះ បញ្ជាក់ទៀតថា  ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានមូលដ្ឋានគ្រឹះនៅក្នុង “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេច ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍ ជូនជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។