បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ មានករណីផ្ទុះមីន នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ចន ជុង អាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសដាច់ជើងខាងឆ្វេងនៅពេលដែលជនរងគ្រោះដើរចូលព្រៃ ដើម្បីគាស់គល់ឈើ។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍អូរសាយ(៨០៧) កម្លាំងយោធានៅតំបន់ច្រកតាខ្លឹង និងបងប្អូនសាច់ញាតិជនរងគ្រោះខាងលើបានចុះទៅដល់កន្លែងកើតហេតុ ហើយបងប្អូនជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។
អាជ្ញាធរមីន បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕