សម្តេចហ៊ុន សែន អំពាវនាវឱ្យបណ្តាគណបក្សទាំងអស់ ចូលរួមទប់ស្កាត់នយោបាយចលនាជ្រុលនិយម

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយម ហើយបណ្តាគណបក្សទាំងអស់ ត្រូវអប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយមនេះ។

ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា សម្ដេចបានថ្លែងថាគណបក្សទាំងអស់មិនស្ថិតនៅលើការគ្រប់គ្រងពីគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជានោះ បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។

សម្ដេច មានប្រសាសន៍ សង្កត់ធ្ងន់ថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្តេច ប្រធានគណបក្ស មានប្រសាសន៍បន្ថែមថា គណបក្សនយោបាយទាំងអស់ មិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយ ដែលចង់បំផ្លាញនូវសន្តិភាពរបស់ប្រទេសកម្ពុជាបាននោះទេ។

ស្របពេលជាមួយគ្នានោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។

ក្នុងឱកាសនោះ សម្ដេចបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជនកម្ពុជា ពិតជាលំបាកណាស់ក្នុងការគាំទ្រលើអ៊ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយមនេះ។

លើសពីនេះទៀត សម្តេច ហ៊ុនសែន ក៏បានណែនាំ ឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង២៧ ដែលចុះកិច្ចព្រមព្រៀងនាពេលនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួបប្រជុំជាដើមផងដែរ៕