ជប៉ុនផ្តល់ហិរញ្ញប្បទាន ៩,៧លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការអង្កេតវាស់វែងសុរិយោដី និងចុះបញ្ជីដីធ្លី

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃកម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការ ក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារ) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៤ ខែតុលា នេះ បានឱ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

ជាមួយគ្នានោះ សេចក្ដីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា កាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សេចក្ដីប្រកាសព័ត៌មានដដែល បន្ថែមថា ជំនួយនេះ បានរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង «ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនង ការទូត៕