សម្តេច ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងមានការកើនឡើង លើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្ដីសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ សម្ដេចថ្លែងបែបនេះ ក្នុងជំនួបរវាងសម្ដេចជាមួយលោក KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ លោក KOMURA Masahiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេច ហ៊ុន សែន នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេច បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល៥ ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ ក្នុងឱកាសដែល សម្តេចធិបតី ដឹកនាំគណៈប្រតិភូយុវជន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ។

ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣ នេះ ដោយនឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន។

លើសពីនេះទៀត សម្តេច ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ សម្តេច នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។
សម្ដេចសង្ឃឹមថា «កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន»៕