ភ្នំពេញ៖ កម្ពុជា-អារ៉ាប៊ីសាអូឌីត បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន។ នេះបើយោងតាមជំនួបរវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ ព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។
ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud បានសម្ដែងនូវការអបអរសាទរជូនចំពោះ សម្តេចហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេច អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ។
ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ»ជាលើកដំបូងនេះ និងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ជាដើម ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ «បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម»៕