ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD) ។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង វិសម្ពាធទាបនេះពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ នៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។
លើសពីនេះទៀត ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃនឹងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៧០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕