សូមបន្តប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃ១៧-១៨ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព ធាតុអាកាសសម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។

ដោយឡែក នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។ រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ 60%៕