ភ្នំពេញ ៖សម័យប្រជុំលើកទី១១ នីតិកាលទី៤ របស់ព្រឹទ្ធសភាកម្ពុជា ក្រោមអធិបតីភាពរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៦០រូប នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៣ នេះ បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងជំនួសច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យា អាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍- ស៊ីវិលអន្តរជាតិ (ICAO)។
សេចក្តីព្រាងច្បាប់នេះ ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល ការគាំទ្រនិងជំរុញវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញនិងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុង ស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១១មាត្រា។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៣រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមកលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន ឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលផងដែរ។
រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសំណើរបស់រាជរដ្ឋាភិបាលនេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ របស់ខ្លួនដោយសម្លេងគាំទ្រ ១០១រូប។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ធ្លាប់បានមានប្រសាសន៍ថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តរួចរាល់ រាជរដ្ឋភិបាលនឹងចាប់ផ្តើមដំណើការរដ្ឋាលេខាធិការអាកាសចរណ៍ស៊ីវិលនេះ ទៅតាមការគ្រោងទុករបស់ខ្លួូន និងតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល៕