អបអរសាទរ! អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី បើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការនៅថ្ងៃនេះ

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី នៅព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ ដើម្បីទទួលស្វាគមន៍គ្រប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង ដែលនឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។ លើសពីនេះទៀត អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕