ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។
ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៥០%៕