ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី ដែលជាកីឡារិនីកីឡាប៊ីយ៉ា និងជាសមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូក ឃ័រកម្ពុជាបានទទួលនូវគ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន ។
យោងតាមការបង្ហោះរបស់ កីឡាការិនីរូបនេះនៅថ្ងៃទី ១៦ ខែតុលា នេះ ឱ្យដឹងថា «ជាមហាករុណាទិគុណ និងជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់រូបនាងខ្ញុំដែលបានទទួលនូវគ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់ មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការបំពាក់មេដាយពី សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក»។
កីឡាការិនីរូបនេះ បន្តថា៖«តាមពិតទៅការទទួលបាននូវគ្រឿងឥស្សរិយយសក្ដី មេដាយក្ដី ពានក្ដី។ ល។ មិនមែនជាអ្វីដែលខ្ញុំប្រាថ្នាចង់បាននោះទេ។ អ្វីៗដែលខ្ញុំធ្វើគឺគ្រាន់តែដេីម្បីជាតិនិងប្រជាជន ដែលកេីតចេញពីបេះដូង ក្នុងនាមជាកូនខ្មែរមួយរូបបានកេីតលេីទឹកដីសុវណ្ណភូមិដ៏ល្អមួយនេះ។ ខ្ញុំធ្វើតាមសុឆន្ទៈ ខ្ញុំធ្វើតាមបេះដូង ខ្ញុំធ្វើតាមមនសិការ ព្រោះអ្វីៗទាំងអស់នេះ គឺជាការងារចាំបាច់របស់ខ្ញុំក្នុងជីវិតនេះ»៕