សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង»

ភ្នំពេញ៖ សម្ដេច ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ចូលរួមមេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទន កិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំង ថ្នាក់ដឹកនាំវិស័យឯកជន។

នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្ដេចធិបតីនឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។

ការអញ្ជើញចូលរួមរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយ គុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕