សម្តេច ហ៊ុន សែន​ ៖ សូមកុំ​ប្រមាថ​ថា វី​វុ​ស​អូ​មី​ក្រុង​មិន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​

ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជាពិសេស ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បង្កើន​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង និង​សូមកុំ​ប្រមាថ​ថា វីរុស​អូ​មី​ក្រុង​នេះ​មិន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នោះ​។​

​សម្តេច បាន​សង្កត់ធ្ងន់ថា “​ប៉ុន្តែ​នៅពេលដែល​សរីរាង្គ​យើង​ទន់ខ្សោយ ​វា​ក៏​នឹង​បង្កើត​ទៅជា​ឧបសគ្គ​។ អញ្ចឹងទេ​ខ្ញុំ​សុំ​អំពាវនាវ និង​អង្វរករ​ប្រជាពលរដ្ឋ​របស់​យើង​បន្ត​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បី​កុំបី​ការពារ​តទៅ​”​។ សម្តេច ថា សូមកុំ​គិតថា ខ្លួន​បានទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​ពីរ ទី​បី និង​ទី​បួន ហើយ​គិតថា​វា​មិន​ឆ្លង គឺ​វា​នៅតែ​ឆ្លង​។​

​ទន្ទឹមគ្នា​នេះដែរ សម្តេច​ក៏បាន​អំពាវនាវ​ផងដែរ ដល់​អាណាព្យាបាល​ទាំងអស់​នាំ​កូនចៅ​ដែលមាន​អាយុ​ចាប់ពី​បី​ឆ្នាំ​ឡើងទៅ សូម​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ដែល​ផ្នែក​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​២៣ កុម្ភៈ​ស្អែក​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​មាន​ភាព​ស៊ាំ​​​ដោយសារ​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង គឺ​ចាប់ផ្តើម​វាយលុក​ទៅលើ​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ ដែល​ចំនួន​អ្នក​ឆ្លង​គឺមាន​ប្រមាណ​ជាង​២០​ភាគរយ នៃ​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ ដែល​នេះ​គឺជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​។​

​សម្តេច បាន​បន្ថែមថា កម្ពុជា​ត្រូវ​បន្ត​ការប្រយុទ្ធ​នឹង​ជំ​ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បន្តទៀត​។ សម្តេច ថា ការ​ការពារ​បាន​ឬ​មិនបាន​វា​មិន​ចម្រុះ​ទៅលើ​វិធានការ​របស់​រដ្ឋាភិបាល​តែឯង​នោះទេ វា​ចម្រុះ​ទាំងស្រុង​ទៅលើ​បុគ្គល​ម្នាក់ៗ​ធ្វើ​ឬ​មិន​ធ្វើ​ដោយសារតែ​គ្មាន​មនុស្ស​ណា​ម្នាក់​ទៅ​ឈឺ​ជំនួស​នោះទេ​៕​