សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាមិនមានផែនការដើម្បីបិទទីក្រុង ឬគោលដៅផ្សេងណាមួយនៅក្នុងប្រទេសនោះទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ដូចពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងនោះទេ។ សម្តេច ថា ដោយឡែកចំពោះការសម្រេចបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណាលកាលពីឆ្នាំ២០២១កន្លងទៅនេះ គឺជាការសម្រេចដ៏លំបាកដោយសារតែកម្ពុជាមិនទាន់ចាក់វ៉ាក់សាំងពេញលេញ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២២ កុម្ភៈនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា “អត់មានតម្រូវការណាមួយបិទទីក្រុង ឬបិទគោលដៅទេ។ ឧទាហរណ៍កាលពីមុនផ្សារឆ្លងបួនដប់តូបបិទផ្សារទាំងមូល ឥឡូវអត់នោះទេ ឆ្លងទៅព្យាបាលទៅ ហើយបាញ់ថ្នាំសម្លាប់ និងលក់បន្តទៀតទៅ”។
ការប្រកាសរបស់សម្តេចបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា រាជរដ្ឋាភិបាលនឹងមានវិធានការបិទខ្ទប់ទីក្រុងឡើងវិញ ខណៈដែលចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ដែលបង្ហាញដោយក្រសួងសុខាភិបាលគឺមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងគ្មានសញ្ញាណាមួយបង្ហាញពីភាពថមថយនោះទេ។
សម្តេច បានបន្តថា គ្មានតម្រូវការចាំបាច់ដើម្បីបិទនោះទេ។ សម្តេច សង្កត់ធ្ងន់ថា “យើងបានទទួលបានវ៉ាក់សាំងហើយ វាមិនទាន់ដល់កម្រិតនៃភាពធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែទោះបីជានិយាយដូច្នេះកុំឱ្យពឹងពាក់តែវ៉ាក់សាំងចំនួនតែមួយមុខ ដោយធ្វើវិធានការគួបផ្សំគ្នា”។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ពាក្យចចាមអារ៉ាមថា មានការបិទទីក្រុង ឬបិទប្រទេសឡើងវិញគឺគ្មាននោះទេ។ សម្តេច ថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីដែលមានសិទ្ធិអំណាចពេញលេញបញ្ជាឱ្យបិទឬបើក គឺសម្តេចមិនអនុញ្ញាតឱ្យមានវិធានការបិទខ្ទប់នោះទេ៕