ក្រុមហ៊ុនអ៉ីតាលីជាច្រើន គ្រោងមកកម្ពុជា ក្នុងខែ១១ ដើម្បីស្វែករកការវិនិយោគ

ភ្នំពេញ ៖ លោកVALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៉ីតាលី បានបញ្ជាក់ថា នៅក្នុងខែ១១ ឆ្នាំ២០២៣ខាងមុខនេះគណៈប្រតិភូអ៉ីតាលី ដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាព ការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកVALENTINO VALENTINI បានថ្លែងថា វិស័យឯកជនអ៉ីតាលីកំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។


ជាមួយគ្នានោះ លោកបញ្ជាក់ថា “គណៈប្រតិភូអ៉ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា”។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ធុរជននិងវិនិយោគិនអ៉ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។

ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធនិងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាន នាពេលអនាគត។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៉ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥ លានដុល្លារ កើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយកម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៉ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៉ីតាលីមានដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀតផងដែរ៕