ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកថា ទន្ទឹមនឹងមានការអគារសិក្សាល្អហើយ ចាំបាច់ក៏ត្រូវតែមាននាយកសាលាប្រកបដោយចំណេះដឹងមានវិជ្ជាជីវៈ ដើម្បីធ្វើឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅរាជធានីភ្នំពេញ០៥ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្នសិក្សានុសិស្សមានភាពងាយស្រួលក្នុងការសិក្សា ដោយសារសាលារៀនមាននៅក្នុងភូមិ-ឃុំជិតផ្ទះ មិនលំបាកវេចបង្វិចដើររកសាលារដ្ឋដូចពីមុនឡើយ។ សម្តេចថា បើគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសច្រើនអាណត្តិតទៅមុខទៀត នឹងមានគោលនយោបាយបង្កើតសាលារៀនរដ្ឋឲ្យមានគ្រប់ភូមិ ឃុំ ស្រុក សង្កាត់ ខណ្ឌទាំងអស់ ស្ថិតនៅជិតផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។
ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានជំរុញដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសនាយកសាលាតាមបណ្តាគ្រប់សាលារៀនទូទាំងប្រទេស ពីព្រោះនាយកសាលា គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រង បណ្ដុះបណ្ដាលធនធានមនុស្ស រាប់ចាប់តាំងពីសិស្សថ្នាក់មត្តេយ្យ រហូតដល់សិស្សមធ្យមសិក្សា។ ដូចនេះ ក្រសួងអប់រំត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលាទាំងអស់ត្រូវធ្វើការពិនិត្យ និងសម្រេច មុននឹងតែងតាំងនាយកសាលនោះ។
ជាមួយគ្នានេះដែរ សម្តេចបានថ្លែងកោតសរសើរដល់សិស្សានុសិស្សថាមានឥរិយាបទល្អ និងមានភាពឆ្លាតវៃដោយចេះបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ចេះសិក្សាស្រាវជ្រាវ និងការបង្កើតរូបមន្តសមីការ ហើយចេះដោះស្រាយបានទៀត។