ប្រាសាទភ្នំក្រោម ជាជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច យ៉ាងល្អប្រសើរ

ភ្នំពេញ៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែរ ដោយសារទីនោះ មានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។

លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច) មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។
ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀត។

លោកបន្តថា ទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញនោះ និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេដាស់ គួរជាទីចាប់អារម្មណ៍។

លោក រ៉ា ឌី  បន្ថែមថា ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ នឹងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺព័ណ៌មាសក្រហមឆ្អៅ។ ប៉ុន្តែបើមានភ្លៀងធ្លាក់ ឬមេឃស្រទុំវិញ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។ មិនតែប៉ុណ្ណោះភ្នំក្រោម ក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណដ៏ល្អ ក្រៅពីប្រាសាទភ្នំបាខែង។

អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំនៅប្រាសាទភ្នំក្រោមបញ្ជាក់ថា ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅបរិវេណប្រាសាទ ភ្ញៀវអាចដើរតាមវង់ទស្សនា នឹងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាត ផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍បាន។ មួយវិញទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ដោយកាត់ក្រីមែកឈើ បោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះជាប្រចាំ៕