បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ តនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងទាំងបីស្ថាប័នជាង ៥០០នាក់ រួមនឹងក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវបានជាង២០ហិកតា ដែលលិចលង់ដោយទឹកហូរស្រុងពីផ្នែកខាងលើ ស្ថិតនៅខាងលិចភូមិចំណោម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ជារៀងរាល់ឆ្នាំពេលដែលប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗគឺតែងតែមានកងកម្លាំងទាំងបីប្រភេទចុះជួយអន្តរាគមន៍ជានិច្ច។ ជាក់ស្តែងដូចពេលនេះ លោកក៏បានដឹកនាំកម្លាំងទាំងបីស្ថាប័ន កងពលតូចថ្មើរជើងលេខ៥១ ចំនួន ១៧៦នាក់, កម្លាំងសឹករងខេត្តចំនួន ១១០នាក់, កម្លាំងកងរាជអាវុធហត្ថ ចំនួន ៥៥នាក់, កម្លាំងនគរបាល ចំនួន ១៨០នាក់ រួមនឹងក្រុមការងារយុវជនបានចូលរួមសរុបចំនួន ៥៦៥នាក់ មកជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋ ត្រូវទឹកជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើបង្កឲ្យលិចលង់។
លោក អ៊ុំ រាត្រី បញ្ជាក់ថា ៖ «ទឹកដែលជនលិចស្រូវប្រជាកសិករនៅខាងលិចប្រឡាយព្រែកឃុំចំណោមនេះ ជាទឹកដែលស្រុងពីផ្នែកខាងលើ បានហូរមកជន់លិចស្រូវប្រជាកសិករដែលកំពុងប្រមូលផលមានចំនួន ២៣ហិកតា»។
លោកបន្តថា បន្ទាប់ពីកងកម្លាំងបានចុះជួយច្រូតរយៈពេល២ថ្ងៃ បានចំនួន ១៨ហិកតា ដោយកាលពីថ្ងៃទី០១ កម្លាំងប្រតិបត្តការសឹករងខេត្តបានចុះជួយច្រូតបានចំនួន ៥ហិកតា ហើយស្រូវកសិករដែលនៅសេសសល់កម្លាំងនឹងបន្តចុះជួយច្រូតជូនបងប្អូនប្រជាកសិករបន្តទៀត។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ជំនន់ទឹកធ្លាក់ផ្នែកខាងលើបានហូរស្រុងពីផ្នែកខាងលើបានជន់លិចស្រូវប្រជាកសិករនៅឃុំចំណោម នៅផ្នែកខាងលិចប្រឡាយព្រែក បានស្នើសុំកងកម្លាំងអន្តរាគមន៍ជួយប្រមូលផលស្រូវដែលកំពុងលិចលង់ជាង២០ហិកតា។
ជាមួយគ្នានោះ ប្រជាកសិករដែលជាម្ចាស់ស្រែបានថ្លែងអំណរគុណដល់លោក អ៊ុំ រាត្រី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសកងកម្លាំងទាំង៣ប្រភេទដែលតែងតែចុះជួយពេលដែលប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដូចពេលនេះគាត់ត្រូវទឹកជំនន់ជន់លិចស្រូវរបស់គាត់ដែលកំពុងប្រមូលផល៕