ភ្នំពេញ៖លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងនូវការស្វាគមន៍ ចំពោះម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។
ក្នុងជំនួបជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម លោកឌិត ទីណា បានថ្លែងថា កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈអនុសារណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦មកម្លេះ។
ទាក់ទងនឹង MOU នេះលោក Datuk Eldeen Husaini Mohd Hashim បានបង្ហាញពីបំណងជំរុញការអនុវត្ត MOU នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី «បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប»។ជាមួយគ្នានោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។
ចំពោះការវិនិយោគនេះដែរ លោករដ្ឋមន្ដ្រី ឌិតទីណា ក៏បានលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។លើសពីនេះទៀតលោកឌិត ទីណា បានសង្កត់ធ្ងន់ថា ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគអាចពិចារណាធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕