រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល ​ចុះហត្ថលេខា​រួមគ្នា​កំណត់​យក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ឯកជន​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល បាន​ចុះហត្ថលេខា​រួមគ្នា​កំណត់​យក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ឯកជន ដើម្បី​អនុញ្ញាតឱ្យ​ក្រសួងសុខាភិបាល​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ដែល​ទទួល​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល លើ​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​កម្ពុជា​។

​ក្នុង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការយក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​បញ្ជាក់ថា បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ មានតម្លៃ​ចំនួន​៤​ពាន់​រៀល​ក្នុង​មួយ​បណ្ណ​ដែល​សេវា​សុខាភិបាល​ឯកជន ត្រូវ​បង់​ទៅ​ក្រសួងសុខាភិបាល​នៅពេល​បានទទួល​បណ្ណ​។ ដោយឡែក​ចំណូល​ពី​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ក្រសួងសុខាភិបាល​ប្រមូលបាន​ត្រូវ​កត់ត្រា​ជា​ចំណូល​ថវិកាជាតិ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​បោះ​ពុម្ព និង​បើក​ផ្តល់​ដោយ​ក្រសួងសុខាភិបាល​មាន​ទម្រង់​ឯក​លក្ខណ​ភាព ដែល​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន ត្រូវ​ប្រើប្រាស់​សម្រាប់​ការបំពេញ​ព័ត៌មាន ទិន្នន័យ​ឱ្យបាន​ត្រឹមត្រូវ និង​ពេញលេញ និង​ប្រគល់ជូន​សាមី​អតិថិជន​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មូលដ្ឋាន​របស់ខ្លួន​។​

​ចំពោះ​ម្ចាស់​សេវា​សុខាភិបាល​ដែល​ទទួលបាន​លិខិត​អនុញ្ញាតឱ្យ​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ក្រសួងសុខាភិបាល​ត្រូវដាក់​ពាក្យស្នើសុំ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មក​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​៕​