ភ្នំពេញ៖ ព្រះឥន្ទ្រជាអាទិទេពគ្រប់គ្រងលើទេពនិករផ្សេងៗលើស្ថានសួគ៌។ ព្រះអង្គក៏មានតួនាទីជាទេពខាងចម្បាំង ជាអ្នកបង្អុរទឹកភ្លៀង និងជាទេពប្រចាំទិសខាងកើត។ នៅក្នុងសិល្បៈខ្មែរការបង្ហាញទម្រង់ព្រះឥន្ទ្រ ជានិច្ចកាលតែងឆ្លាក់គង់នៅលើយាន្តជំនិះរបស់ព្រះអង្គគឺដំរីក្បាលបីដែលមានឈ្មោះថា“ឰរាវត“។
កេតនភណ្ឌរបស់ព្រះអង្គមានដូចជា៖ គ្រាប់រន្ទះ(វជ្រ) ស័ង្ខ ធ្នូ ព្រួញ និងផ្លែសន្ទូច។ ក្នុងបរិបទជំនឿខ្មែរនិយមគោរព ប្រតិបត្តិព្រះឥន្ទ្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ដ្បិតគេឃើញមានរូបចម្លាក់បង្ហាញអំពីវត្តមានរបស់ព្រះឥន្ទ្រនៅតាមប្រាសាទ ក៏ដូចជាគំនូរនៅតាមវត្តអារាមនានា។
មានទេវកថាមួយចំនួនបានដំណាលទាក់ទងនឹងព្រះឥន្ទ្រថា ៖ មានអសុរឈ្មោះ “វ្រិត្ត្រ” ប្រមូលទឹកយកទៅទុក ធ្វើឲ្យកើតគ្រោះរាំងស្ងួតនៅលើផែនដី។ ដោយយល់ហេតុខាងលើនេះទើបព្រះឥន្ទ្រទ្រង់យកគ្រាប់រន្ទះចោលទៅអសុរនោះបង្កើតបានជាផ្លេកបន្ទោរហើយភ្លៀងក៏បង្អុរធ្លាក់ចុះមក។ ឈុតឆាកត្រង់ព្រះឥន្ទ្រគង់លើដំរីក្បាលបីចោលគ្រាប់រន្ទះទៅអសុរៈនេះតែងនិយមបង្ហាញនៅលើហោជាង និងផ្តែរប្រាសាទខ្មែរសម័យអង្គរ។
ជាក់ស្តែងតាមរយៈសមុច្ច័យសារមន្ទីរជាតិកម្ពុជាមានផ្តែរប្រាសាទ (ក.1663) មានប្រភពមកពីខេត្តបាត់ដំបង ស្ថិតក្នុងសម័យអង្គរ និងផ្តែរប្រាសាទ (ក.2086) មានប្រភពមកពីវត្តបុទុមបុប្ផារាម(វត្តខ្នារ) ភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ថិតក្នុងរចនាបថបាខែង។ សព្វថ្ងៃផ្តែរទាំងពីរនេះកំពុងដាក់តាំងបង្ហាញនៅចន្លោះរបៀងនៃសាលសម័យអង្គរនិងក្រោយសម័យអង្គរ សារមន្ទីរជាតិ។
ក្រៅអំពីការបង្ហាញចម្លាក់ព្រះឥន្រ្ទចោលគ្រាប់រន្ទះនៅលើផ្តរប្រាសាទ យើងក៏ឃើញមានការបង្ហាញឈុតឆាកនេះនៅលើហោជាងប្រាសាទនាសម័យអង្គរ។ ជាក់ស្តែងការបង្ហាញចម្លាក់យ៉ាងរស់រវើក ត្រង់ឈុតព្រះឥន្ទ្រចោលគ្រាប់រន្ទះនៅលើហោជាងមួយនៃប្រាសាទបន្ទាយស្រីនាស.វ.ទី១០នៃគ.ស.។ វត្តមានរបស់រូបព្រះឥន្ទ្រក្នុងសិល្បៈខ្មែរ ជាជំនឿមួយដែលចង់បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងទេព និងទឹកភ្លៀង។