សូមប្រុងប្រយ័ត្ន! ទឹកជំនន់កំពុងជនលិចនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ទឹកជំនន់ បាននឹងកំពុងជនលិចនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងផ្នែកខាងលើមួយរយៈចុងក្រោយនេះ  ។ ជាមួយគ្នានេះ ស្ថានភាពទឹកកំពុងជនឡើង នៅក្នុងដងស្ទឹងសង្កែរផងដែរ  ។ នេះ បើតាមអាជ្ញាធរខេត្តបាត់ដំបង។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្នុងអំឡុងពេលដែលទឹកកំពុងឡើងនាពេលនេះ ។ លោក បញ្ជាក់បន្ថែមថា ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើទេនោះ ទឹងអាចនឹងស្រកទៅវិញនាពេលល្ងាចនេះ ឬស្អែកព្រឹកតែម្ដង ។

បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង នៅម៉ោងប្រមាណ ១០ នេះ ស្ថានភាពទឹកជំនន់ នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ៕