នៅទីក្រុងណានីង ប្រទេសចិន៖ ក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការប្តេជ្ញារបស់សម្តេចក្នុងការបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលទី៧នេះ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជានេះ គឺធ្វើឡើងតាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
ព្រមជាមួយគ្នានេះ សម្តេច ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ពីការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកផងដែរ៕