សម្តេច ហ៊ុន សែនបង្ហាញទឹកចិត្តនឹករលឹក នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែតពេលចេញទៅក្រៅប្រទេស

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា  បានបង្ហាញពីទឹកចិត្តក្នុងនាមជា ឪពុក ដែលនឹករលឹក និងបារម្ភពីសុវត្ថិភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ដែលជាកូន នៅពេលធ្វើដំណើរទៅក្រៅប្រទេស។

សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់សម្តេច នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានបញ្ជាថា៖ «កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន»។

សម្តេច ហ៊ុន សែនបន្តថា៖«រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។ខ្ញុំស្រឡាញ់កូននិងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»៕