កម្ពុជា រៀបចំទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិ លើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្ស គ-ថ្លង់ ដើម្បីការអភិវឌ្ឍ»

ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ រៀបចំ ទិវាមនុស្សត ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “បរិយាបន្នការងារសម្រាប់មនុស្ស គ-ថ្លង់ ដើម្បីការអភិវឌ្ឍ”។ ពិធីនេះ មានការចូលរួមជាអធិតី ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោកស្រី ជា ផល្គុន។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅលើ ពិភពលោក ទិវាមនុស្សគ-ថ្លង់ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម៉្លេះ។ រហូតមកដល់បច្ចុប្បន្ននេះមានប្រទេសប្រមាណ១៣៣ លើពិភពលោកបាននឹងកំពុងបន្តរៀបចំ ព្រឹត្តិការណ៍នេះ។ ការរៀបចំទិវានេះ មានលក្ខណៈផ្សេងៗតាមការនិយម តាមបែបប្រពៃណីនិង ទំនៀមទម្លាប់ខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ និងមានប្រធានបទផ្សេងៗគ្នាតាមឆ្នាំនីមួយៗ។ ប្រទេសខ្លះបានរៀបចំជាការដង្ហែក្បួន ជាកិច្ចប្រជុំពិភាក្សា ការប្រគំតន្ត្រី សិក្ខាសាលា សន្និបាត.. មិទ្ទិញជាដើម។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ការរៀបចំទិវា មនុស្សគ-ថ្លង់នេះ ត្រូវបានរៀបចំឡើងក្នងកម្រិតថ្នាក់ជាតិចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដែលជា ការបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណៈជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិដើម្បីលើកទឹកចិត្ត ហើយបំពេញតាមតម្រូវការរបស់មនុស្សត-ថ្លង់ ព្រមទាំង បង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សត-ថ្លង់នៅលើពិភពលោក។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានបន្តទៀតថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បី ប្រារព្ធទិវាមនុស្សគថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃមនុស្សគថ្លង់ ដែលជា សមាសភាពធនធានមនុស្ស និងមិនត្រូវបានមើលរំលងដើម្បីឈានទៅសម្រេចឱ្យខាងតែបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក “មិនទុកឱ្យនរណាម្នាក់នៅ ដាច់ដោយឡែក ” ។

ថ្លែងក្នុងទិវានោះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងថា ការរៀបចំទិវានេះឡើង គឺជាការផ្តល់ឱកាស ជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនកូនក្មួយ មនុស្សត-ថ្លង់ ដែលជាការបង្ហាញអំពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការ លើកស្ទួយតម្លៃមនុស្សគ-ថ្លង់ ពិសេសធ្វើយ៉ាងណាឱ្យមានបរិយាបន្នការងារសម្រាប់មនុស្សគ- ថ្លង់ ស្របតាមប្រធានបទក្នុងទិវានេះដែលជាការគិតគួរពីឧត្តមប្រយោជន៍របស់មនុស្ស ត ថ្លង់នៅកម្ពុជា។

លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ជនមានពិការភាព ជាពិសេសបងប្អូនកូនក្មួយ ក្រុមគ្រួសារមនុស្សត-ថ្លង់។ ឈរលើបរិការណ៍ និងស្មារតីទទួល ខុសត្រូវនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃបំផុតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់ អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

ជាមួយគ្នានេះ លោក  ជា សុមេធី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយ សុខុមាលភាពជនមានពិការភាព ពិសេសមនុស្សថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា ទិវានេះផ្តល់ឱកាសដើម្បីគាំទ្រនិងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅ លើពិភពលោក។ ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សត-ថ្លង់ ដើម្បីបង្ហាញពី ខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។ ការប្រើប្រាស់ភាសាសញ្ញាក៏មានសារៈសំខាន់ផងដែរក្នុងការធានាការទទួល បានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងត្រាពេលមានអាសន្ន ដែល ជាការបំពេញនូវសិទ្ធិសម្រាប់មនុស្សត-ថ្លង់ជាង៧០លាននាក់នៅជុំវិញពិភពលោក៕