ភ្នំពេញ៖ ថ្មីៗនេះ មានបណ្តាញ សង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ញា ហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រ ថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! មិនក្រោមពាន់ដុល្លារទេ !! ហាសៗៗ។ »។ តាមដឹងហាងឆេងបញ្ជាក់បែបនេះ(មិនដែលមានទោស)។
ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌បានធ្វើការស្រាវជ្រាវជាបន្ទាន់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋាន កិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពី ក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។
តាមរយៈលទ្ធផលស្រាវជ្រាវខាងលើ បង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញ សង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្ដិ៍ ចំពោះក្រសួងយុត្តិធម៌ុ។ ក្រសួងយុត្តិធម៌នឹងចាត់វិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ៕