លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម បានចុះហត្ថលេខាដកលោក ឌួង ឆាយ ចេញពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៧ កុម្ភៈនេះតទៅ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៧ កុម្ភៈ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ។
លោក ហ៊ុន ម៉ានិត បានសរសេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកភ្ជាប់ជាមួយសេចក្តីសម្រេចរបស់លោកនៅថ្ងៃនេះថា “ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ខ្ញុំសម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”។
ជាមួយនឹងការប្រកាសដកលោក ឌួង ឆាយ ចេញពីតួនាទីការងារចុះមូលដ្ឋានរបស់គណបក្ស។ លោក ហ៊ុន ម៉ានិត មិនបានបញ្ជាក់អំពីមូលហេតុនៃការសម្រេចរបស់លោកក្នុងរឿងនេះទេ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ ការសម្រេចរបស់លោកបែបនេះ គឺត្រូវបានគេឃើញថាធ្វើឡើងបន្ទាប់ពីលោក ឌួង ឆាយ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការឡាយវីដេអូបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនលោកនិយាយរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងរឿងផ្ទៃក្នុងគ្រួសារលោក ដែលទាក់ទាញឱ្យមានអ្នកចូលមើលជាច្រើននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមមួយនេះ៕