ភ្នំពេញ៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឱ្យុមានការ រៀបចំតាំងបង្ហាញសេវាកម្ម និងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឱ្យបានច្រើនដើម្បីជួយបន្តថែរក្សាគ្រប់ទម្រង់កម្មវិធីប្រពៃណីទាំងអស់របស់កម្ពុជាឱ្យ ប្រព្រឹត្តទៅតាមដំណើរពីបុរាណកាលដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកទាំងសំលៀកបំពាក់ទាំងការចាត់វិធីផ្សេងៗ។
លោកស្រី ឡងឌី សាន់ណារ៉ាបានមានប្រសាសន៍ជំរុញបែបនេះ ធ្វើឡើង ក្នុងពិធីប្រកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការការតាំងបង្ហាញសេវាកម្ម និងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ ដែលគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងរៀបចំដោយក្រុមហ៊ុនឈូកប្រណិតនៅមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ។នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកស្រីបញ្ជាក់ថា៖ « ជាពិសេសសំដៅដល់ប្អូនៗយុវវ័យយុវជនយុវនារីពេញវ័យ ដែលជាមុខសញ្ញាក្នុងការជ្រើសរើសគូស្រករប្អូនៗក្មួយៗគឺជាកម្លាំងពិតនៅក្នុងការអនុវត្តការការពារនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលដែលជាអាវុធមុខពីរ»។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញឱ្យ ប្អូនៗក្មួយៗដែលបានចូលរួមតាំងបង្ហាញសេវាកម្ម និងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ ត្រូវចេះគិតគូរចេះថ្លឹងថ្លែងនិងត្រូវចេះយកបណ្ដាញសង្គមទាំងអស់មកប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់សង្គមជាតិជាពិសេសទៅទៀតនោះអ្នកដែលមានឈ្មោះល្បីៗក្នុងបណ្ដាញសង្គមក៏ដូចជា facebook tiktok IG ជាដើម»។
លោកស្រី ឡង់ឌី សាន់ណារ៉ាថ្លែងថា៖ « ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមកោតសសើរ គាំទ្រលើកទឹកចិត្តឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីជាការផ្សព្វផ្សាយ ជាការរំលឹក ជាការដាស់តឿនកូនខ្មែរឱ្យប្រកាន់ខ្ជាប់នូវទស្សនៈជាតិខ្មែរ ហើយត្រូវចាំថា ខ្មែរគឺជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ មានសំលៀកបំពាក់ដោយពិតប្រាកដ ទៅតាមពេលវេលា តាមកម្មវិធីផ្សេងៗ មិនច្របូកច្របល់និងមានការបែងចែកដាច់ដោយឡែកពីគ្នា»។
បើតាមក្រុមហ៊ុនឈូកប្រណិត កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ ត្រូវបានរៀបចំធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ OCIC អគារ E F G រយៈពេល ៣ ថ្ងៃចាប់ពី ទី ០៨-០៩-១០ ខែកញ្ញា ឆ្នាំ២០២៣ ដែលប្រមូលផ្តុំទៅដោយសេវាកម្មមង្គលការល្បីៗ ជាង ៥០ ក្រុមហ៊ុន៕