ប្រធានរដ្ឋសភាកូរ៉េ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់

ភ្នំពេញ៖ លោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មានជំនឿថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីនៅថ្ងៃទី៨ កញ្ញានេះ។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានរំលឹកអំពីការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៩៧។ ក្នុងនោះលោក គីម ជីន ព្យូ បានបញ្ជាក់ថា រដ្ឋាភិបាល និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងបន្តសហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ផងដែរ។

ព្រមជាមួយគ្នានេះ លោកសង្ឃឹមថា កូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គសម្រាប់វិបុលភាពនិងការអភិវឌ្ឍនាពេលអនាគត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនោះឡើយ។

ដោយឡែកពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្តេចធិបតី បានឯកភាពចំពោះការលើកឡើងរបស់លោក គីម ជីន ព្យូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះសម្តេចធិតបី ក៏បានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និងពិចារណាបង្កើនកូតាដល់ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ៕