លោក កើត រិទ្ធ បង្គាប់ ឱ្យលោក ច្រឹង ខ្មៅ អនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់លើសំណុំរឿងព្រហ្មទណ្ឌ ករណីស្ត្រីមេតុងទីនមួយរូប

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើអធិបញ្ញា (សេចក្តីបង្គាប់ ឬបញ្ជា)ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់លើសំណុំរឿងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោក និងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ឹមយូ ហៅ ចន្ទរះ។

យោងតាមលិខិតមួយច្បាប់របស់លោក កើត រិទ្ធ ផ្ញើជូន លោក ច្រឹងខ្មៅ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេរថា ផ្អែកតាមអង្គហេតុ ដែលទទួលបាន, ឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ ភេទស្រី អាយុ ៣៨ឆ្នាំ បានចេញមូលប្បទានបត្រមួយចំនួន រួម មាន មូលប្បទានបត្រលេខ ២០៧៦៤៦ ចុះថ្ងៃទី ២២-០៤-២០២៣ មានទឹកប្រាក់ចំនួន ៦៥ ៨១៥ ដុល្លារ អាម៉េរិក និងមូលប្បទានបត្រលេខ ២០៧៦៤៥ ចុះថ្ងៃទី ២៤-០៤-២០២៣ មានទឹកប្រាក់ចំនួន ៥២ ៦០០ ដុល្លារ អាមេរីក និងមូលប្បទានបត្រលេខ ២០៧៦០៤ ចុះថ្ងៃទី ១៣-០៨-២០២៣ មានទឹកប្រាក់ចំនួន ១១៥ ៥០០ ដុល្លារអាមេរិក ដើម្បីទូទាត់សងប្រាក់ទៅឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា។

លោក កើត រិទ្ធ សរសេរបន្តថា នៅពេល ដល់ថ្ងៃកំណត់បើកប្រាក់ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា បានយកមូលប្បទានបត្រ នោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្តែខាងធនាគារបានបញ្ជាក់ថាមូលប្បទានបត្រខាងលើមិនមានសាច់ប្រាក់នៅក្នុង គណនីនោះទេ។ ចំពោះករណីនេះ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន ឈ្មោះ ញិល សុភា បានដាក់ពាក្យប្ដឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៣១ ចុះថ្ងៃទី ១៥-០៦-២០២៣, សំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៣៤ ចុះថ្ងៃទី ២៣-០៨-២០២៣ និងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៨៩៤ ចុះថ្ងៃទី ០៣-០៩-២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ សូមចេញអធិបញ្ញាឱ្យ លោកព្រះរាជអាជ្ញា ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន ដើម្បីធានាថា ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ នៅក្នុងករណីនេះ ត្រូវបានការពារដោយត្រឹមត្រូវ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ចំពោះករណីរឿងតុងទីននេះ ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា មានអង្គហេតុនៃបទល្មើស និងបានចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់លើសំណុំរឿងនេះ៕