ភ្នំពេញ៖ កសិករមួយរូបស្នើសុំឱ្យ លោក ខៀវ កាញ៉ារីទ្ធ តំណាងរាស្ត្រខេត្តកំពង់ចាម ឱ្យជួយផ្សព្វផ្សាយ និងស្នើសុំឱ្យមានអន្តរាគមន៍ជាបន្ទាន់ករណីតម្លៃជ្រូករស់បានធ្លាក់ថ្លៃ ដែលធ្វើឱ្យរូបគាត់លក់ខាត និងគ្មានដើមសម្រាប់ចិញ្ចឹមបន្តទៀត។
តាមរយៈទំព័រហ្វេសបុករបស់លោក ខៀវ កាញ្ញារីទ្ធ នៅថ្ងៃទី៨ ខែកញ្ញានេះ បានបង្ហោះជូនអាជ្ញាធរពាក់ព័ន្ធ ក្នុងន័យដើមថា «លោកអ៊ំ ឯកឧត្តម ជាទីគោរពសូមលោកអ៊ំ ឯកឧត្តមជួយដល់បងប្អូនកសិករចិញ្ចឹមជ្រូកផង សូមថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួយអន្ដរាគមន៍ផង ដែលបច្ចុប្បន្នតម្លៃជ្រូករស់ចិញ្ចឹម ១គក្រ នៅត្រឹមជាង ៧ពាន់រៀលប៉ុណ្ណោះ ប៉ុន្ដែតំលៃសាច់ជ្រូកនៅតែដដែល »។
កសិករដដែលនេះសរសេរបន្តថា៖«យើងខ្ញុំមិនស្នើសុំឱ្យបញ្ចុះតម្លៃសាច់ជ្រូកទេ ប៉ុន្ដែសូមថ្នាក់ដឹកនាំ អន្ដរាគមន៍ដោះស្រាយតម្លៃជ្រូករស់ ឱ្យបានតម្លៃសមរម្យផង ឥលូវនេះ កសិករខ្លះបានបោះបង់បណ្ដើរៗ ដោយសារតែចិញ្ចឹមហើយខាត គ្មានដើមសម្រាប់បន្ដទៀតបាន »៕