ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅនេះ គឺជាកិច្ចខិតខំប្រឹងប្រែងបែបវិជ្ជមានបំផុតក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការបង្ហោះរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិនៅថ្ងៃនេះ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនបែបនេះ គឺធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះ បានអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលនៅតែបន្តរក្សាជំហរគាំទ្រដល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា កន្លងទៅនេះ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ការគាំទ្ររបស់រដ្ឋាភិបាលជប៉ុននេះ គឺជាសារនយោបាយមួយដ៏ជាក់លាក់ អំពីវិធីសាស្ត្រដោះស្រាយដើម្បីបញ្ចៀសមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕