មន្ត្រីខេត្តសៀមរាប និង ក្រុមហ៊ុន ចិន ពិភាក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប

សៀមរាប៖ មន្ត្រីនៃរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនចិន China Metroភាក្សាពិគ្រោះយោបល់ ដើមី្បប្រមូលព័ត៌មាន និង ទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាប។

នៅក្នុងកិច្ចពិភាក្សានៅថ្ងៃទី ២៣ ខែសីហា នេះ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើស ដោយមួយស្ថិតនៅលើផ្លូវ ចាស់ និង មួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។

ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និង អាចមានការប៉ពាល់តំបន់បូរាណដ្ឋាន ឬ តំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។

ពាក់ព័ន្ធនឹងការងារនេះ លោក ពិន ប្រាកដ អភីបាលរងខេត្តសៀមរាប បានលើកផងដែរថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និង ត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និង ប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរណ៍ និង សេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរប្រាង្គប្រាសាទបូរាណ និង រមនីយដ្ឋាន ធម្មជាតិ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និង ប្រមូលធាតុចូល ដើមី្យកទៅជាធាតុចូលនៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ មកក្រុងសៀមរាប។ ដើមី្បឱ្យប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ យើងទាមទា នូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ តើឆ្លងកាត់តំបន់អង្គរ នៅចំណុចណានៅឡើយ ដែលធ្វើឲ្យកិច្ចពិភាក្សានេះ មិនទទួលបានលទ្ធផលនៅឡើយ។

លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឱ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និង ទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឱ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ៕