ថ្ងៃដំបូងជារដ្ឋមន្ត្រីការងារ លោក ហេង សួរ ចុះទៅហូបបាយជាមួយកម្មករ ជាង ៣ពាន់នាក់

ភ្នំពេញ៖ នៅថ្ងៃដំបូងធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានចុះមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេងដែលមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់។

វត្តមានរបស់លោករដ្ឋមន្ត្រីនាពេលនេះ បានធ្វើឱ្យមហាជន និងកម្មករនិយោជិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោកចុះទៅជួបដល់កន្លែងធ្វើការយ៉ាងដូច្នេះឡើយ។

បើតាមការបង្ហោះខ្លឹមសារនៅលើគណនីហ្វេសប៊ុកនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូង បានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង៣ពាន់នាក់ ក្នុងនោះមានកម្មការិនីដែលកំពុងមានផ្ទៃពោះចំនួន១៦០នាក់ និងជនដែលមានពិការភាពចំនួន៤៣នាក់»។

លោករដ្ឋមន្ត្រីបានបន្តថា កម្មករនិយោជិតនៅក្នុងរោងចក្រនេះធ្លាប់ជួបជាមួយសម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១៨ ហើយនិយោជិតដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ កម្មករនិយោជិតដែលលោករដ្ឋមន្ត្រីបានជួប គឺនឹករឭកដល់សម្តេច ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបានចុះជួបកម្មករនាពេលកន្លងទៅ។ កម្មករទាំងនោះក៏រំពឹងថានឹងបានជួបលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗនេះផងដែរ។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានទទួលអាហារជាមួយកម្មករនិយោជិតរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀនោះផងដែរ ដោយលោកបានបញ្ជាក់ថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីថ្មីក្រសួងការងារបានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង»។

លោកបានបញ្ជាក់ទៀតថា នៅរោងចក្រខាងលើនេះមានសហជីពមូលដ្ឋានរហូតដល់ទៅជាង២០សហជីព។ ទំនាក់ទំនងរវាងសហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន៕