លោក អូន ព័ន្ធមុនីរ័ត្ន មានតួនាទីជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការងារមួយចំនួនផ្សេងទៀត

ភ្នំពេញ៖ លោក អូន ព័ន្ធមូនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បែងចែកតួនា និងភារកិច្ច ឱ្យជួយលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យមានការរីកចំរើនបន្តទៀត និងភារកិច្ចផ្សេងទៀត សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។

យោងតាមសេចក្តីសម្រេច ស្តីពីការកំណត់ របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែសីហានេះ បានសរសេរថាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងលោក នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែល នាយករដ្ឋមន្ត្រីប្រគល់ជូន។

លោក អូន ព័ន្ធមុនីរ័ត្ន កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥ ដែលបច្ចុប្បន្នមានអាយុ ៥៨ឆ្នាំ ជារឿយត្រូវបានសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមនុស្សពូកែសន្សំថវិកាជាតិ សម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ និង ជាមនុស្សមួយរូបក្នុងចំណោមមនុស្សផ្សេងទៀត ដែលសម្តេច ហ៊ុន សែន បណ្តុះបណ្តាលនាពេលកន្លងមកនេះ។

ក្រៅពីនេះ លោកអូន ព័ន្ធមុនីរ័ត្ន ជាឥស្សរជនមានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ លោកជាឥស្សរជនសំខាន់ម្នាក់ ក្នុងការរៀបចំគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល ដើម្បីជំរុញនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ប្រវត្តិការសិក្សា របស់លោក គឺនៅ ១៩៩០-១៩៩៣ លោក បញ្ចប់ថ្នាក់បណ្ឌិត (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ ពី ឆ្នាំ ១៩៩១-១៩៩២ បានទទូល សញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ (Moscow School Of Business) បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី (Russian Economic Academy) និងពីឆ្នាំ ១៩៨៤-១៩៩០ ទទួលបាន បរិញ្ញាប័ត្រជាន់ខ្ពស់ (Master Degree) ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)។

ក្រៅពីភាសាខ្មែរជាភាសាកំណើត លោកអូន ព័ន្ធមុនីរ័ត្ន ក៏អាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងភាសារុស្សី។ បន្ថែមពីនេះ លោកអូន ព័ន្ធមុនីរ័ត្ន ក៏ជាកុលបុត្រខ្មែរស្រឡាញ់ការសិក្សាស្រាវជ្រាវ តាមរយៈសមិទ្ធផលនិងស្នាដៃស្រាវជ្រាវបោះពុម្ពផ្សាយជាច្រើនដូចជា៖សៀវភៅ «គ្រប់គ្រងការប្រកួតប្រជែងនៃសកលភាវូបនីយកម្ម», សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅក្នុងបរិការណ៍អាស៊ាន: គោលនយោបាយ និងយុទ្ធសាស្រ្ត», សៀវភៅ «ការបង្កើនល្បឿន AFTA និងបច្ច័យរបស់វាសម្រាប់កម្ពុជា», សៀវភៅ «យុទ្ធសាស្រ្តរបស់កម្ពុជាសម្រាប់ការចូលរួមនៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន», -សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា: បញ្ហាប្រឈម និងកាលានុវត្តភាព»ស្នាដៃទាំងនេះជាសមិទ្ធផលស្រាវជ្រាវដ៏វិសេសវិសាល មានតម្លៃទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិបន្ថែម។

ដោយមើលឃើញពីសមិទ្ធផលនិងស្នាដៃក្នុងការបំពេញភារកិច្ច និងការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ លោកអូន ព័ន្ធមុនីរ័ត្ន បានទទួលគោរមងារជា «បណ្ឌិតសភាចារ្យ» និងក្លាយជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។ គោរមងារ «អគ្គបណ្ឌិតសភាចារ្យ» ជាគោរមងារតែមួយគត់ សម្រាប់ប្រគល់ជូនតែប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាប៉ុណ្ណោះ៕