លោក YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានប្រកាសពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា។
យោងតាមការបង្ហោះរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកាសនេះគឺធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះលោក YOSHIDA Yoshihide បានស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក មកប្រទេសជប៉ុននាពេលនេះ ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានអរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយ សង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។
លោក ក៏បានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជា ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ប្រភពដដែល បានបន្តថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ YUASA Goro (អតីត) មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ៕