រដ្ឋមន្ត្រី​ការ​ពារជាតិ​ជប៉ុន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ា​ណែ​ត​មក​ប្រទេស​ជប៉ុន នឹងធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ជប៉ុន កាន់តែខ្លាំង​ឡើង​ថែមទៀត​

ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន KISHI Nobuo បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក មកកាន់​ប្រទេស​ជប៉ុន​នៅពេលនេះ នឹងធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ជប៉ុន កាន់តែខ្លាំង​ឡើង​ថែមទៀត​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​របស់​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​

ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​បែបនេះ គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នា​ទីស្តីការ​ក្រសួងការពារជាតិ​ជប៉ុន កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុងអំឡុង​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើដំណើរ​ទស្សនកិច្ច​រ​យៈ​ពេល ០៤ ថ្ងៃ នៅ​ប្រទេស​ជប៉ុន​។​

​ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន បាន​ផ្តោតជាសំខាន់​លើ​គោលបំណង​រួម​កម្ពុជា​-​ជប៉ុន ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ប្រកបដោយ​សក្តានុពល​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ផ្នែក​យោធា​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើសុំ​ការគាំទ្រ​លើ​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ការជំរុញឱ្យ​ទំនាក់ទំនង​នេះ​បាន​ឈាន​ឡើងដល់​កម្រិត​ខ្ពស់​ឡើង​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ កម្ពុជា​-​ជប៉ុន ក្នុង​ការបន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារជាតិ និង​បាន​គាំទ្រ​លើ​សំណើ​ផ្តួចផ្តើម​នានា​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព​ធ​ន​ធាន​មនុស្ស​លើ​ជំនាញ​សំខាន់ៗ​មួយចំនួន​ដល់​កងទ័ព​កម្ពុជា ជាមួយនឹង​ការរំពឹង​ថា កម្ពុជា​នឹង​ក្លាយ​ដៃគូ​ដ៏​ល្អ​ក្នុងការ​ចូលរួមចំណែក​ដល់​ការពង្រឹង និង​ថែរក្សា​រក្សា​សន្តិភាព​នៅក្នុង​តំបន់​៕