លោក ឌួង ងៀប អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីលោកបានធ្វើលិខិតសុំទោសជាសាធារណៈជុំវិញសកម្មភាពរបស់លោក ដែលបានបង្ហោះវីដេអូ និងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅពីមុខពន្ធនាគារ ដោយធ្វើការរិះគន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតីក្នុងដំណើរការនីតិវិធីសំណុំរឿងលោកនៅតុលាការ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា “លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចឃុំខ្លួន លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”។
បើតាមសារព័ត៌មានដដែលលោក ឌួង ងៀប ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ វេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃដដែលនេះតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់តុលាការ។
លោក ឌួង ងៀប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើលិខិតសុំទោសជាសាធារណៈជាពិសេសចំពោះប្រធានសាលាដំបូងរាជធានីភ្នំពេញចំពោះទង្វើរបស់លោក ដែលចោទប្រកាន់ចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោកពាក់ព័ន្ធនឹងការឆបោកលុយជនជាតិតៃវ៉ាន់ថា មានភាពមិនប្រក្រតីនឹងមានការប្រព្រឹត្តអំពើពុករលួយ។ លោក ថា ទង្វើរបស់លោកនាពេលកន្លងទៅនេះកើតចេញពីបញ្ហាស្មារតីដោយសាររងសម្ពាធគ្រួសារធ្ងន់ធ្ងរ។
លោក បានបញ្ជាក់ក្នុងលិខិតថា “សកម្មភាពទាំងនេះធ្វើឡើងដោយសារខ្ញុំបាទមានការភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំងពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវច្បាប់លើរឿងក្តីពាក់ព័ន្ធនឹងរូបខ្ញុំបាទ”។ លោក ថា ទុកទង្វើរបស់លោកនេះថាជាទង្វើដ៏គួរឱ្យសោកស្តាយនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងកិក្តិយសរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រមកាន់រឿងក្តី ហើយនិងធ្វើឱ្យប៉ះពាល់ដល់កិច្ចដំណើរការនីតិវិធីនៃរឿងក្តីនេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា “សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”។
សូមជម្រាបជូនថា សំណុំរឿងលោក ឌួង ងៀប តុលាការកំពុងដំណើរការនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោករងការចោទប្រកាន់ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែងក្នុងទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក៕