ក្រុមហ៊ុនចិន ត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា ក្នុងការវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

កំពង់ធំ៖ ក្រុមហ៊ុនវិនិយោគចិន ដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេច ហ៊ុន​ សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ ជាមួយ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វ ល។ល ដែលត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា។

ក្នុងជំនួបពិភាក្សា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នោះដែរ លោក ងួន រតនៈ ថ្លែងថា ជំនួបពិភាក្សាការងារថ្ងៃនេះ ជាលើកទី ០២ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ហើយដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។

លោកបន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។

លោក ងួន រតនៈ មានសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេស បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។

តំណាងក្រុមហ៊ុនវិនិយោគចិន ថ្លែងថា ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មរបស់ចិន ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលចិន ជាប្រភេទក្រុមហ៊ុនមានសមត្ថភាពខ្ពស់ក្នុងការផលិត។ តំណាងក្រុមហ៊ុនវិនិយោគចិន បន្តទៀតថា តាមការស្រាវជ្រាវបានឲ្យដឹងថា ខេត្តកំពង់ធំគឺជាខេត្តមួយសំបូរទៅដោយធនធានកសិកម្ម។

ក្នុងនោះ គ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា មានរស់ជាតិឆ្ងាញ់ជាងគេទូទាំងពិភពលោក និងមានគុណភាពខ្ពស់ថែមទៀតផង ហើយក្រុមវិនិយោគចិន សន្យានឹងខិតខំប្រឹងប្រែងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឲ្យបានទូលំទូលាយ ជាពិសេសលើទីផ្សារអឺរ៉ុប និងអារ៉ាប់ ដើម្បីឲ្យប្រជាជនតាមបណ្ដាប្រទេសជាច្រើន មានឱកាសបានទទួលទានស្វាយចន្ទីរបស់ប្រទេសកម្ពុជា៕