លោក ស ថេត សម្រេចផ្អាកការងារបណ្ដោះអាសន្ន មន្ត្រីនគរបាលជាតិ៣ នាក់ ពាក់ព័ន្ធ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការ ឱ្យផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិចំនួន ៣ នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។

យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ ឱ្យដឹងថា មន្ត្រីនគរបាលជាតិ ៣ នាក់នោះ មានឈ្មោះ ១-លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក៣-លោកអនុសេនីយ៍ឯកលន លីហូ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី។

លោក ស ថេត បាន តម្រូវ ឱ្យ សាមីខ្លួនខាងលើនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀងរាល់ម៉ោងធ្វើការ ដើម្បី កែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត ។

បើតាមលិខិតបង្គាប់ការ លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យបុគ្គលិកៈ លោកនាយការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ហា លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអស់លោក ដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕