ក្រុមហ៊ុនចិន មួយចង់វិនិយោគលើកសិ-ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បានបង្ហាញពីបំណងលើការងារវិនិយោគកសិ-ឧស្សាហកម្មនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

ការបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលតំណាងក្រុមហ៊ុនចិននេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ពាណិជ្ជករចិន ត្រូវសិក្សាអំពីសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃឱ្យបានច្បាស់លាស់ ដើម្បីជំរុញទីផ្សារ តម្រង់ទិសការវិនិយោគឱ្យត្រូវទិសដៅ មានប្រសិទ្ធភាព និងនិរន្តភាព។

បើតាម លោករដ្ឋមន្ត្រីរូបនេះ ភាគីចិនត្រូវបន្តធ្វើការជាមួយអង្គភាពជំនាញរបស់ក្រសួង សហការធ្វើការឱ្យល្អិតល្អន់ជាមួយគ្នា ហើយសំខាន់ជាងនេះទៀត ត្រូវបង្កើនទំនុកចិត្តជាមុនសិន។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការបង្កើតកសិដ្ឋានបណ្តុះគ្រាប់ពូជ ការដាំស្មៅចំណីសត្វ ការចិញ្ចឹមសត្វគោនិងជ្រូកការសាងសង់ឃ្លាំងស្តុកចំណី និងកំពង់ផែដឹកជញ្ជូន សម្រាប់ការនាំចេញទៅប្រទេសចិន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមទៀត៕