កម្ពុជា ត្រូវការថវិកា៧,៨ ពាន់លានដុល្លារសម្រាប់អនុវត្ត NDC និងជិត ១,៨ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាត្រូវការថវិកាប្រមាណ៧,៨ ពាន់លានដុល្លារអាមេរិកសម្រាប់អនុវត្ត Cambodia’s Nationally Determined Contribution (NDC )និង ត្រូវការថវិកាចាប់ពី៥០០លានរហូត ១,៨ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។

លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងខាងលើនេះ ក្នុងពេលបានដឹកនាំគណៈប្រតិភូកម្ពុជាទទួលជួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF)នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោកថា កម្ពុជា បានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ជាមួយគ្នានេះដែរលោកបានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុនិងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ការសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

ក្នុងឱកាសនោះដែរលោក ក៏បានជួបពិភាក្សាការងារជាមួយលោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជានៃ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងលោកស្រី Achala Abeysinghe នាយកកម្មវិធីចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដើម្បីពិភាក្សាពីលទ្ធភាពកិច្ចសហការលើការងារប្រែប្រួលអាកាសធាតុផងដែរ៕