ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួន និងដកហូតសារធាតុញៀនចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម

ភ្នំពេញ: កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន០២នាក់ និងដកហូតសារធាតុញៀនចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បោះ នៅចំណុចដីឡូត៌ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២:១០នាទីរំលងអាធ្រាត។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់រួមមាន១-ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ  និង ២-ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕