លោក ឃួ​ង ស្រេង ហាម​មិនឱ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​ស្អែក​នេះ​

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានដាក់​ចេញ​វិធាន​ការ​ហាម​មិនឱ្យ​ការជួបជុំ​ប្រមូល​ផ្តុំគ្នា​ពី​សំណាក់​សិស្ស​-​និស្សិត និង​យុវជន​-​យុវនារី​តាម​គ្រប់រូប​ភាព នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​គ្រឹះស្ថានសិក្សា​ឯកជន និង​ទីតាំង​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​។ នេះ​បើ​យោងសេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​១៣ កុម្ភៈ​នេះ របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។​

​បន្ថែម​ពីលើ​ការហាមឃាត់​ការជួប​ប្រមូលផ្តុំ​គ្នា​នេះ លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សាអប់រំ លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ការអប់រំ​ផ្សព្វផ្សាយ​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃទី​១៤ កុម្ភៈ ដល់​សិស្ស​-​និស្សិត និង​កូនៗ​របស់​ពួកគេ ដើម្បី​ជៀសវាង​ការយល់ច្រឡំ​ថា​ទិវា​មួយ​នេះ​គឺជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​រវាង​គូសង្សារ ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​សកម្មភាព​ខុសសីលធម៌​ផ្សេងៗ​។​

​ទន្ទឹមនឹង​គ្នា​នេះ​ផងដែរ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រួមជាមួយ​មន្ទីរ​ពាក់​ព័ន្ធ សហ​ការចុះ​ត្រួតពិនិត្យ តាមដាន ឃ្លាំមើល និង​ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​សកម្ម​ភាពមិនប្រក្រតី​ទាំងឡាយ​ដែល​អាច​កើតមាន​ក្នុងឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុង កាលពីពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា យុវជន​មួយចំនួន​តូច​បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​សេចក្តីថ្លៃថ្នូរ​បុគ្គល​និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិខ្មែរ ក្នុង​ថ្ងៃទី​វា​នៃ​ក្តី​ស្រលាញ់​។

​សម្រាប់​លោក​រដ្ឋមន្ត្រី សិស្សានុសិស្ស​មួយចំនួន​តូច​យល់ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ខណៈដែល​ទិវា​មួយ​នេះ​ពុំមាន​ជា​ប្រពៃណី​របស់​ជនជាតិ​កម្ពុ​ជា​នោះទេ​៕​