សម្តេច ហ៊ុន សែន ប្រកាសមិនខ្វល់ចំពោះអ្នកណានិយាយថា នាយករដ្ឋមន្រ្តីថ្មី ជានាយករដ្ឋមន្រ្តីបន្តពូជ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានប្រកាសមិនខ្វល់ចំពោះសំដីរបស់អ្នកវិភាគ ក៏ដូចជាអ្នកអធិប្បាយរបស់វិទ្យុបរទេសដែលបានពិភាក្សាគ្នាអំពីបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាថ្មីគឺលោកលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពូជនោះទេ ។

ក្នុងឱកាសចូលរួមសម្ពោធសមិទ្ធផលផ្លូវក្រវ៉ាត់ក្រុងទី៣ នាថ្ងៃ៣ សីហានេះ សម្តេច ហ៊ុន សែន ថ្លែងឌីដងថា “បើពួកគេចង់និយាយអ្វីនិយាយទៅ ព្រោះការពិតជាក់ស្តែង មិនអីចឹងទេ គឺហ៊ុន ម៉ាណែតមានលក្ខណៈសមត្ថភាពគ្រប់គ្រាន់ជាអ្នកដឹកនាំ បើទោះបីជាម៉ាណែត មិនមែនជាកូនខ្ញុំ ក៏នៅតែទទួលតំណែងជានាយករដ្ឋមន្រ្តីដដែល”។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ ទៅកាន់ក្រុមមនុស្សចាំមើលឃើញតែចំណុចអវិជ្ជមានរបស់កម្ពុជាថា “ទោះបីជាអ្នកណាចង់និយាយអ្វីក៏និយាយទៅ ពិសេសនោះនិយាយបន្តវេន បន្តពូជ។ តែនៅក្នុងរដ្ឋធម្មនុញ្ញាមិនបានចែងថា ផ្តល់សិទ្ធកូនមិនឲ្យធ្វើនាយករដ្ឋមន្ត្រីនោះទេ អីចឹងកូនខ្ញុំ គឺជាមនុស្សដូចគេដូចឯងក្នុងការទទួលយកតំណែងដែរ” ។

សម្តេចបន្ថែមទៀតថា “បើហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ខ្ញុំក៏ខ្ញុំផ្ទេរតំណែងឱ្យដែរ ព្រោះថាចាស់ហើយ ដោយទុកឲ្យក្មេងៗដឹកនាំ ដោយមានវត្តមានរបស់យើងចាស់ៗ នៅជាមួយគេ” ។

គួរកត់សម្គាល់ថា ក្រោយពេលដែលសម្តេច ហ៊ុន សែន បានប្រកាសពីសមាសភាពថ្មីដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី សម្រាប់នីតិកាលទី ៧ មានវិទ្យុបរទេសមួយចំនួនបានហៅវាគ្មិនមកជជែកដេញដោលរឿងនាយករដ្ឋមន្រ្តីជាញឹកញាប់ ដោយពួកគេបានហៅលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពូជ ឬជានាយករដ្ឋមន្រ្តីតពូជ៕