លោក កើត រិ​ទ្ធ គោរព​អបអរសាទរ​ក្នុង​ឱកាស​សម្តេច​ ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ​នេះ

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២ បាន​សម្តែង​នូវ​ការ​គោរព​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ក្នុងឱកាស​ដែល​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួលបាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ពី​មូលនិធិ​សន្តិភាព​ស៊ុន​ហាក់ របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

​សម្រាប់​លោក​រដ្ឋមន្ត្រី ការទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ គឺជា​មហា​កិត្តិយស​ដ៏​ធំធេង សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ស័ក្ដិសម​បំផុត ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ ដែលជា “​បិតា​ស្ថាបនិក​សន្តិភាព​” ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញាញាណ ព្រមទាំង​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

ជាពិសេស​ការដឹកនាំ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​នៅ​កម្ពុជា ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​, មានការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ពេញលេញ​, មាន​ការធានា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​, មានការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ព្រមទាំង​ធ្វើឱ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​នៅលើ​ឆាក​អន្តរជាតិ​៕