លោកស្រី ជា សិរី ថ្លែងអំណរគុណដល់ព្រះមហាក្សត្រដែលតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ លោក ស្រី ជា សិរី គោរពថ្លែងអំណរព្រះរាជគុណយ៉ាងខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានតែងតាំងលោក ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចនាយករដ្ឋមន្រ្តីដែលបានផ្តល់សេចក្តីទុកចិត្ត និងស្នើតែងតាំងនាងខ្ញុំជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ លោកស្រី ជា សិរី បញ្ជាក់ថា នេះគឺជាគុណូបការៈដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតនិងមិនអាចកាត់ថ្លៃបានចំពោះរូបនាងខ្ញុំ និងក្រុមគ្រួសារ។ នាងខ្ញុំសូមប្តេជ្ញាខិតខំយកអស់កំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោកស្រី ប្ដេជ្ញាចិត្តគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី គឺលោក បណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីរក្សាឱ្យបានដាច់ខាតនូវសន្តិភាព និងសមិទ្ធផលនានាកន្លងមករបស់រាជរដ្ឋាភិបាល និងបន្តរួមចំណែកអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឲ្យបានរុងរឿងបន្ថែមទៀត។

លោកស្រីបានសរសេរថា ៖ “ ខ្ញុំម្ចាស់នាងខ្ញុំ សូមថ្វាយព្រះពរអង្គព្រះមហាក្សត្រ សម្តេចព្រះវររជមាតាជាតិខ្មែរ និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕