លោក យង់ ពៅ៖ ការប្រកាសឱ្យបន្តមុខដំណែងអាណត្តិថ្មីរបស់មន្ត្រីក្នុងតួនាទីសំខាន់ៗមួយចំនួន គឺជាគោលនយោបាយ CPP មិនបោះបង់ចោលអ្នកណាមួយឡើយ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ បានប្រកាសរក្សាទុកមន្ត្រីនយោបាយទាំងអស់ដែលបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលរួចមកហើយក្នុងអាណត្តិចាស់ឱ្យបន្តនៅអាណត្តិថ្មីថែមទៀត ក្រោយពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្មន្ត្រីនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីនៅពេលខាងមុខដ៏ខ្លី។

លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នំា២០២៣ នេះបញ្ជាក់ប្រាប់ Khmer CM ថា ការប្រកាសធ្វើដូច្នេះ របស់សម្តេច ហ៊ុន សែន ព្រោះអ្វីៗដែលើកឡើងកន្លងមកជាមរតកនយោបាយគណបក្សប្រជាជនកម្ពុជា។ ត្រង់ចណុចនេះ គោលនយោបាយគណបក្សប្រជាជនកម្ពុជា មិនបោះបង់អ្នកណាមួយចោលនោះទេ រួមទាំងប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ និងមន្ត្រីមុខងារផ្សេងៗទៀត។

លោកបន្តថា ជាមួយគ្នានេះ គឺក្នុងគោលបំណងដើម្បី ធានាស្ថេរភាពមុខងារសាធារណៈ និងមិនឱ្យមន្ត្រីក្នុងមុខដំណែងទាំងនោះ មានការរំជើបរំជួល ឬប៉ះពាល់ដល់សតិអារម្មណ៍ ដល់តួនាទី ស័ក្តិយសរបស់ខ្លួនក្នុងការបំពេញការងារ ជាពិសេស ជៀសវាងមានការញុះញង់ពីការបែកបាក់ពីសំណាក់ក្រុមប្រឆាំង ព្រមទាំង បន្តប្រមូលផ្តុំកម្លាំងដើម្បីអភិវឌ្ឍ ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្តទៀត។

តាមរយៈសារសម្លេងរបសស់សម្តេច ហ៊ុន សែន នៅលើបណ្តាញទំនាក់ទំនងតេឡេក្រាមនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បញ្ជាក់ថា ការចេញមុខមកបញ្ជាក់ពីសម្តេច ហ៊ុន សែននេះ ធ្វើឡើងបន្ទាប់ពីការមានករជជែកវែកញែក និងអនាគតតួនាទីភារកិច្ចរបស់របស់មន្ត្រីក្នុងជួរមុខដំណែងទាំងនោះ សម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នៅពេលខាមុខននេះ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា៖ “ថ្នាក់ដែលតាំងតែងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងអនុក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយថ្នាក់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ”។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ជាមួយគ្នានេះ មេទាហាន មេប៉ូលីស មេអាវុធហត្ថគ្រប់ជាន់ថ្នាក់ ក៏មិនបានត្រូវប៉ះពាល់ផងដែរ លើកលែងតែអ្នកទាំងនោះ ដល់អាយុចូលនិវត្តន៍។ ដោយឡែក សម្រាប់ទីប្រឹក្សារាជរដ្ឋាភិបាលនិង អគ្គនាយក ដែលមានមុខងារខាងនយោបាយ ដែលបានតែងតាំងរួចមហើយ ដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ ត្រូវតែងតាំងឡើងវិញ។

សម្តេច បន្ថែមថា ជាមួយគ្នានេះ នៅតាមក្រសួងស្ថាប័នខ្លះទៀត ដែលមានការតែងតាំងអ្នកដែលមានការចូលនិវត្តមួយចំនួន និងមន្ត្រីរាជការចាំបាច់មួយចំនួនឱ្យចូលធ្វើការ ដោយប្រកាស់របស់រដ្ឋមន្ត្រី ជាថ្នាក់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ក៏មិនប៉ះពាល់ផងដែរ។ មានតែអង្គភាពធំៗ ២ ប៉ុណ្ណោះដែលមិនប៉ះពាល់រួមមាន រដ្ឋប្រតិភូអមនាយករដ្ឋមន្ត្រី នៃអគ្គនាយកពន្ធដារ និងអគ្គនាយកដ្ឋានគយ ដែលស្ថាប័នទាំងពីរនេះ ត្រូវធ្វើការ ជាមួយនឹងរដ្ឋមន្ត្រី និង នាយករដ្ឋមន្ត្រី។

បើតាមសម្តេច ហ៊ុន សែន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សា ទាំងនេះ នឹងបញ្ចប់នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី ទាំងអស់ផងដែរ។ ដោយឡែក ទំារដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ដែលមិនធ្វើជារដ្ឋមន្ត្រីក្នុងអាណត្តិថ្មីបន្តទៀត នឹងត្រូវធ្វើជាសាជិកសភា រាប់ទាំងសម្តេច មុនពេលទៅកាន់តំណែងសភានៅឆ្នាំក្រោយ។ រីឯរដ្ឋមន្ត្រីខ្លះដែលមិនជាប់ជាសមាជិកសភា ក៏នឹងត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល ឬអាច រៀបចំឱ្យធ្វើជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា រដ្ឋមន្ត្រីអណត្តិថ្មីក្រោយ ត្រូវ បន្តយកចិត្តទុកដោះស្រាយ មន្ត្រីដែលស្ថិតនៅមុខដំណែងបច្ចុប្បន្ន ឱ្យមានការងារបន្តទៀត ដោយគ្មានកែប្រែ លើកលែងតែសមីខ្លួនស្នើសុំឈប់ប៉ុណ្ណោះ៕