គ.ប.ជ ប៉ាន់ប្រមាណថា សន្លឹកឆ្នោតមិនបានការមានជាង ៤០ម៉ឺនសន្លឹក

ភ្នំពេញ៖ លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប បានប៉ាន់ប្រមាណថា សន្លឹកឆ្នោតមិនបានការ មានជាង ៤០ ម៉ឹនសន្លឹក ខណៈ សន្លឹកឆ្នោតដែលត្រូវបានគូសខ្វែង ត្រូវបានវេចខ្ចប់ និងរក្សាទុកនៅក្នុងកញ្ចប់ពិសេស (កញ្ចប់សុវត្ថិភាព ក)។

លោក សោម សូរីដា ប្រាប់ KhmerCM ថា គិតចាប់តាំងពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ព្រឹកថ្ងៃទី២៤ គ.ជ.ប បានត្រួតពិនិត្យ ទៅលើសន្លឹកឆ្នោតមិនបានការ មានចំនួនជាង ៣០ ម៉ឺនសន្លឹក ហើយនៅពេលបញ្ចប់ការត្រួតពិនិត្យទាំងស្រុងអាចកើនដល់ជាង ៤០ ម៉ឺនសន្លឹក ស្មើនឹងប្រមាណជា ៤ % ។

លោកបន្តថា ចំនួនខាងលើនេះ បើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ បង្ហាញថា តិចជាង ។ចំពោះសន្លឹកឆ្នោតដែលពលរដ្ឋគូសខ្វែង គ.ជ.ប មិនដឹងចំនួន ទេ មានតែនៅកន្លែងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតទេដែលបានដឹង ។

លោកសង្កត់ធ្ងន់ថា សន្លឹកឆ្នោតខ្វែងនេះ ត្រូវបានវេចខ្ចប់ ដាក់បញ្ចូលក្នុងកញ្ចប់ពិសេស (កញ្ចប់សុវត្ថិភាព ក) ដែលមិនអាចធ្វើការបើកបាននោះទេ និងមិនមានបញ្ជាក់នៅក្នុងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតផងដែរ។

លោកថ្លែងថា៖ “អីចឹងសន្លឹកឆ្នោតមិនបានការ គឺជាសន្លឹកឆ្នោតមានគំនូសច្រើនលើសពីមួយ សន្លឹកឆ្នោតមិនមានគំនូស សន្លឹឆ្នោតគូសខ្វែង ឬ ប្រឡាក់ ធ្វើឱ្យបាត់ផ្នែកមួយខាងនៃ សន្លឹកឆ្នោតតាមកំណត់របស់គ.ជ.ប ។ យ៉ាងណាក៏ដោយ នៅក្នុងកំណត់ហេតុ យើងអត់បានធ្វើចំណាច់ថា្នក់សន្លឹកឆ្នោតមិនបានការនេះ ទៅតាមប្រភេទទេ”។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានឲ្យដឹថាផ្អែកតាមប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជារយៈពេល៣០ឆ្នាំមកនេះ អត្រាសន្លឹកឆ្នោតមិនបានការខ្ពស់បំផុតគឺក្នុងរង្វង់ក្រោម ១០ភាគរយ និងទាបបំផុតក្រោម ២ភាគរយ។

លោកបន្តថាឆ្នាំ២០១៨ អត្រាសន្លឹកឆ្នោតមិនបានការខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៣ គឺ ៩.៣៥%, រីឯអត្រាសន្លឹកឆ្នោតមិនបានការទាបបំផុត គឺ ១.៦៣% នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។

លោកបន្ថែមថា បើផ្អែកតាមលទ្ធផមបឋមក្រៅផ្លូវការ, ការបោះឆ្នោតឆ្នាំ២០២៣នេះ មានសន្លឹកឆ្នោតមិនបានការប្រមាណ ៤៤ម៉ឺនសន្លឹក ស្មើនឹង ៥.៦៣%។ អត្រានេះគឺស្ថិតនៅកម្រិតទាបធៀបនឹងឆ្នាំ២០១៨។

លោកសង្កត់ធ្ងន់ថា ​កត្តា​​ដែលនាំឱ្យមានសន្លឹកឆ្នោតមិនបានការមួយចំនួននោះ គឺបណ្តាលមកពីលោកយាយ លោកតាចាស់ៗមួយចំនួននៅមូលដ្ឋាន គាត់មានបញ្ហាបញ្ហាភ្នែក និងរឹងដៃ ព្រោះ៤-៥ឆ្នាំ ទើបកាន់ប៊ិចម្តង ទើបគាត់​គូសសន្លឹកឆ្នោតមិនបានត្រឹមត្រូវ, អ្នកខ្លះគូសច្រឡំដោយត្រឡប់សន្លឹកឆ្នោតក្បាលចុះក្រោម ជើងឡើងលើ, រីឯអ្នកខ្លះទៀត គូសច្រឡំគណបក្សដែលនោះក្បែរគ្នា។ ចំណែកឯយុទ្ធនាការបំផ្លាញសន្លឹកឆ្នោត អាចមានឥទ្ធិពលតិចតួចទៅលើអត្រានៃសន្លឹកឆ្នោតមិនបានការ៕